រៀនពីលុយ_Rean 2 Luy

រៀនពីលុយ_Rean 2 Luy want freedom of money, learn about it.

16/05/2023
08/05/2023
 #រៀនពីលុយ
06/05/2023

#រៀនពីលុយ

18/04/2023

ប្រាក់ខែ ៣០០ដុល្លារសម្រាប់អ្នកទាំងអស់គ្នាតិច ឬច្រើន? 🤔

ប្រាក់ខែ ៣០០​ដុល្លារ សម្រាប់មនុស្សមួយចំនួនប្រហែលជាតិចសម្រាប់ផ្គត់ផ្គង់ជីវិតប្រចាំថ្ងៃ ដោយសារពួកគាត់មានបន្ទុកគ្រួសារដែលត្រូវទទួលខុសត្រូវ តម្រូវការចំណាយក៏មានច្រើន ឬមានគោលដៅហិរញ្ញវត្ថុខ្ពស់។ ថែមពីនេះ ប្រាក់ខែ ៣០០ដុល្លារមើលទៅតិច ក៏អាចដោយសារជីវភាពគ្រួសារ​ របៀបរស់នៅផ្តោចលើសម្ភារនិយម និងទម្លាប់ចាយដៃទូលាយ។

ប៉ុន្តែសម្រាប់អ្នកមួយចំនួនទៀត ប្រាក់ខែ ៣០០ដុល្លារនេះអាចច្រើន ឬល្មមគ្រប់គ្រាន់ផ្គត់ផ្គង់ការរស់នៅ ដោយចំណាយសម្រាប់ម្នាក់ឯង មិនមានបន្ទុកគ្រួសារ ហើយរបៀបរស់នៅ និង​ការចាយវាយមានការសន្សំសំចៃខ្ពស់។ ​

យើងមិនអាចកំណត់សម្រាប់នរណាម្នាក់បានទេថាចំនួននេះតិច ឬច្រើន វាអាស្រ័យលើស្ថានភាព និងតម្រូវការជាក់ស្ដែងរបស់ម្នាក់ៗ។ បើចំណូលនេះមិនទាន់គ្រប់គ្រាន់សម្រាប់ចំណាយ គួរព្យាយាមរកប្រភពចំណូលបន្ថែមដូចជា ធ្វើការក្រៅម៉ោងបន្ថែម ឬយកលុយបង្កើតលុយដោយការវិនិយោគ។ សម្រាប់អ្នកយល់ថាចំណូលនេះសមល្មមហើយ ក៏មិនមែនថាគួរតែមានចំណូលប៉ុណ្ណឹងរហូតទេ ក៏ត្រូវព្យាយាមរកបន្ថែមទៀត ដើម្បីឲ្យជីវភាពរស់នៅកាន់តែប្រសើរឡើង។

ប៉ុន្តែយ៉ាងណាក៏ដោយ ប្រាក់ខែតិចក្ដី ច្រើនក្ដី សំខាន់គឺការរៀបចំ ទុកដាក់ និងចាយវាយដោយមានទំនួលខុសត្រូវ។ ការមានផែនការហិរញ្ញវត្ថុ និងទម្លាប់ចាយវាយល្អពិតជាសំខាន់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុឲ្យមានសុវត្ថិភាព។ បើចាយខ្ជះខ្ជាយមិនចេះគ្រប់គ្រងហិរញ្ញវត្ថុ ទោះបីប្រាក់ខែរាប់ពាន់ដុល្លារទៀត ក៏ចាយមិនគ្រប់ដែរ។ មានមនុស្សជាច្រើនដែលធ្លាក់ក្នុងបំណុល ដោយសារសម្ភារនិយម ហុឺហារហួសមាឌ ខ្វះចំណេះដឹងហិរញ្ញវត្ថុ និងមិនមានផែនការហិរញ្ញវត្ថុត្រឹមត្រូវជាដើម។

យើងមកមើលគន្លឹះលុយកាក់ខ្លះ ដើម្បីជួយគ្រប់គ្រងហិរញ្ញវត្ថុយើងឲ្យបានល្អ៖
🔸 បែងចែកប្រាក់ចំណូល ៥០% សម្រាប់តម្រូវការ​ និង៥០% ទុកសន្សំ វិនិយោគ និងចំណង់
🔸 រៀបផែនការសន្សំរយ:ពេលវែង
🔸 ទុកលុយវិនិយោគលើអចលនទ្រព្យ ឬអាជីវកម្មតូចៗ
🔸 កាត់បន្ថយការហូបចុកក្រៅ និងប្រើប្រាស់ទឹកភ្លើងខ្ជះខ្ជាយ
🔸 កុំឲ្យអាទិភាពចំណង់ជាងតម្រូវការ

ប្រាក់ខែតិច ឬច្រើន បើអ្នកមិនមានចំណេះហិរញ្ញវត្ថុក្នុងការគ្រប់គ្រងប្រៀបដូចជាស្បោងធ្លុះមួយអ៊ីចឹង​ ទោះច្រកយ៉ាងណាក៏គង់តែជ្រុះបាត់អស់ដែរ។ ដូច្នេះ សុវត្ថិភាពហិរញ្ញវត្ថុអាចកើតមាន អាស្រ័យលើផែនការហិរញ្ញវត្ថុ ការគ្រប់គ្រងត្រឹមត្រូវ និងទម្លាប់ចាយវាយដ៏ប្រសើរមួយ៕ 💙
_________
© 2023 - 2024 KAKCENT | រក្សាសិទ្ធិដោយកាក់សេន

18/04/2023
17/02/2023
30/12/2022

ជិតដាច់ខែ ហើយក៏ជិតដាច់ឆ្នាំ ២០២០ ហើយដែរ យុវវ័យគ្នាយើងណាខ្លះកំពុងដាច់លុយ ឬកំពុងជួបវិបត្តិហិរញ្ញវត្ថុពេលនេះ?

រឿងលុយកាក់ពិតជាសំខាន់ណាស់សម្រាប់យើងម្នាក់ៗ អញ្ចឹងហើយយើងទាំងអស់គ្នាគួរតែដឹងពីវិធីសាស្រ្តគ្រប់គ្រង និងមើលថែវាកុំឱ្យវាពូកែរត់ចោលយើងពេក ជាពិសេសយុវវ័យដែលកំពុងសិក្សា ឬចូលធ្វើការថ្មីថ្មោងដែលមានការចាយវាយច្រើនជាងចំណូល។

ខាងក្រោមនេះ គឺជាគន្លឹះមួយចំនួនដែលអ្នកគួរតែចេះពីវិធីគ្រប់គ្រងលុយកាក់របស់អ្នក៖

១. ចេះគ្រប់គ្រងខ្លួនឯង

ជាដំបូងអ្នកគួរតែស្គាល់ខ្លួនឯងជាមុនសិនថា តើអ្នកជាប្រភេទមនុស្សដែលមានទម្លាប់ចាយវាយបែបណា ជាប្រភេទមនុស្សសម្ភារៈនិយម ឬមានប៉ុនណាចាយប៉ុណ្ណឹង? ដើម្បីដឹងថាខ្លួនអ្នកជាស្ថិតក្នុងប្រភេទមួយណា អាចចុចចូលតាមតំណរលីងនេះ៖ https://www.facebook.com/kakcentkh/posts/197325191905813

ដើម្បីគ្រប់គ្រងខ្លួនឯងបាន អ្នកត្រូវចេះបែងចែកឱ្យដាច់រវាង ចំណាយចាំបាច់ និងចំណាយដែលមិនសំខាន់ ដូចជាការកំណត់លើតម្រូវការ និងចំណង់ដូចគ្នា ដែលយើងបានពិភាក្សាកាលពីអត្ថបទមុនរួចមកហើយ។ ឧទាហរណ៍ ចំណាយសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃ ថ្លៃជួលផ្ទះ ថ្លៃម្ហូបអាហារ អាចចាត់ទុកជាចំណាយចាំបាច់ វីឯ​ ចំណាយលើការមើលកុនចុងសប្តាហ៍ អាចចាត់ទុកថាជាចំណាយតាមចំណង់។

ក្រៅពីនេះ អ្នកគួរកាត់បន្ថយការញុាំបាយក្រៅញឹកញាប់ ការដើរផ្សារទិញទំនិញដែលមិនចាំបាច់ និងទំនោរលើសម្ភារៈនិយម ជាពិសេសចំពោះយុវវ័យដែលតែងតែជ្រើសយកការសប្បាយជាធំ​មិនបានគិតដល់ផលប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ចរបស់ខ្លួននាពេលអនាគត។ ហេតុដូចនេះការចេះគ្រប់គ្រងអារម្មណ៍ គឺពិតជាមានសារៈសំខាន់ដល់ការសម្រេចចិត្តចាយវាយប្រចាំថ្ងៃណាស់។​​

២. បង្កើតប្រាក់ចំណូលបន្ថែម

ដ្បិតតែអ្នកចេះគ្រប់គ្រងការចំណាយរបស់អ្នកហើយ ប៉ុន្តែពេលខ្លះតម្រូវការរបស់អ្នកវានៅតែមានទំហំធំ ដូច្នេះអ្នកមិនអាចផ្ដោតតែលើការចំណាយតែប៉ុណ្ណោះទេ ការបន្ថែមប្រាក់ចំណូលក៏ជាផ្នែកមួយដែលអ្នកត្រូវគិតគូរដូចគ្នា។ ការបន្ថែមចំណូលអាចមានដូចជា ការស្វែងរកការងារឯករាជ្យ (Freelance) ទៅតាមចំណូលចិត្តរបស់អ្នក ឬពង្រឹងសមត្ថភាពការងារអាជីពរបស់អ្នកដើម្បីបានប្រាក់ខែខ្ពស់ជាងមុន។ ម្យ៉ាងវិញទៀត អ្នកក៏អាចចាប់ផ្ដើមសន្សំលុយកាក់ បន្ទាប់មកប្រើប្រាស់លុយសន្សំនោះ ទៅវិនិយោគក្នុងវិស័យណាមួយដូចជា ភាគហ៊ុន សញ្ញាប័ណ្ណ មាស ឬអចលនទ្រព្យជាដើម្បីទទួលបានប្រាក់ចំណូលអកម្មបន្ថែម។

៣. រៀបចំគម្រោងសាច់ប្រាក់ (Budgeting)

បន្ទាប់ពីកំណត់បាននូវចំណាយ និងចំណូលរួចហើយ ដល់ពេលដែលអ្នកគួររៀបចំវាឲ្យបានច្បាស់លាស់ហើយ ពោលគឺ បែងចែកប្រាក់ដែលយើងមានជារៀងរាល់ខែ ទៅតាមប្រភេទនៃការចំណាយ ដូចជា ចំណាយចាំបាច់ កញ្ចប់ចំណាយសម្រាប់កម្សាន្ត កញ្ចប់ប្រាក់សន្សំសម្រាប់គ្រាមានអាសន្ន និងសម្រាប់ចូលនិវត្តន៍ ជាដើម។

គន្លឺះសំខាន់នោះគឺអ្នក​អាចប្រើប្រាស់វិធីសាស្រ្តនៃការរៀបចំថវិការតាមរូបមន្ត ៥០/៣០/២០ ដែលមានន័យថា៖
- ៥០% នៃប្រាក់ចំណូលរបស់អ្នក គួរទុកសម្រាប់ចំណាយលើតម្រូវការចាំបាច់ប្រចាំថ្ងៃ
- ៣០% ទៅលើកញ្ចប់ប្រាក់សម្រាប់ចំណាយលើចំណង់
- ២០% ទៅលើកញ្ចប់ប្រាក់សន្សំ ឬវិនិយោគ

ការបង្កើតគម្រោងនេះមានសារៈសំខាន់ណាស់ក្នុងការតាមដានការចំណាយរបស់អ្នក ចៀសវាងការចាយហួសកម្រិតដោយមិនដឹងខ្លួន។ វាមិនត្រឹមតែជួយឱ្យអ្នកមានទម្លាប់ចាយវាយល្អជាប្រចាំនោះទេ តែថែមទាំងអាចឱ្យអ្នកសល់លុយកាក់សម្រាប់យកទៅវិនិយោគដើម្បីបង្កើនចំណូលបន្ថែមទៀតផង។

៤. កំណត់គោលដៅហិរញ្ញវត្ថុក្នុងរយៈពេលខ្លី និងពេលវែង

បន្ទាប់ពីដឹងនូវលំហូរសាច់ប្រាក់ រូបមន្តរៀបចំគម្រោងសាច់ប្រាក់ រឿងបន្ទាប់ គឺការរៀបចំគោលដៅហិរញ្ញវត្ថុទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែងមួយ។

គោលដៅហិរញ្ញវត្ថុរយៈពេលខ្លីមានដូចជា កញ្ចប់ប្រាក់សម្រាប់គ្រាមានអាសន្ន ដោះស្រាយបំណុល កញ្ចប់ប្រាក់សម្រាប់ធ្វើដំណើរកម្សាន្ត អាពាហ៍ពិពាហ៍ ឬសម្រាប់ទិញទំនិញអ្នកចង់បានជាដើម រីឯគោលដៅហិរញ្ញវត្ថុក្នុងរយៈពេលវែងអាចមានដូចជា ការរៀបចំគម្រោងកញ្ចប់ប្រាក់សម្រាប់ចូលនិវត្តន៍ សន្សំប្រាក់សម្រាប់គោលដៅវិនិយោគ រកស៊ី ឬរៀបចំកញ្ចប់ប្រាក់សម្រាប់បង់រំលស់ដីផ្ទះជាដើម។

៥. បង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុដោយខ្លួនឯង

ដូចគេថា ការសិក្សាគឺគ្មានដែនកំណត់នោះទេ ហើយការបង្កើនចំណេះដឹងនេះក៏មិនសម្តៅទៅលើការសិក្សាយកបរិញ្ញាប័ត្រអ្វីនោះដែរ ប៉ុន្តែអ្នកអាចស្វែងរកចំណេះដឹងបន្ថែមរៀងរាល់ថ្ងៃ ដើម្បីឲ្យចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់អ្នកកាន់តែមានភាពទូលំទូលាយ ជាពិសេសក្នុងពេលជាយុវវ័យបែបនេះ។ សព្វថ្ងៃការស្វែងរកព័ត៌មានពិតជាងាយស្រួលណាស់ អ្នកអាចចាប់ផ្តើមមើលសៀវភៅថ្មីៗទាក់ទងទៅនឹងហិរញ្ញវត្ថុបុគ្គល ឬការវិនិយោគផ្សេងៗនៅតាមទីផ្សារ និងអុីនធើណេត។ អ្នកក៏អាចតាមដានការចែករំលែកចំណេះដឹងល្អៗនៅក្នុងបណ្តាញសង្គមដូចជាគេហទំព័រកាក់សេនជាដើម។

សរុបមកការគ្រប់គ្រងហិរញ្ញវត្ថុពិតជាមិនងាយស្រួលដូចការចាយវាយតាមតែចិត្តចង់នោះទេ ប៉ុន្តែវាក៏មិនពិបាកដល់ថ្នាក់ធ្វើមិនបាននោះដែរ ហើយវាមិនត្រូវការឲ្យអ្នកទៅសិក្សាយកសញ្ញាប័ត្រអីនោះដែរ។ វាគឺជាអ្វីដែលអ្នកគួរចាប់ផ្តើមគិតឡើងវិញ ជាពិសេសក្នុងពេលយុវវ័យនេះ និងព្យាយាមសម្របការរស់នៅទៅតាមគម្រោងចំណូលចំណាយរបស់យើងបន្តិចម្តងៗ អ្នកនឹងរកឃើញការផ្លាស់ប្តូររបស់អ្នកនាំមកនូវសមិទ្ធផលដែលបានមកពីទម្លាប់ល្អនេះផងដែរ៕

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when រៀនពីលុយ_Rean 2 Luy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share